top of page
Writer's pictureMony Thay

សក់​ក្រាស់ តាម​បែប​ធម្មជាតិ


ស្ត្រី​ភាគច្រើន ពិតជា​ចង់បាន​សក់​ដែល​ក្រាស់ និង​ស្រស់ស្អាត ហើយក៏​មាន​ហេតុផល​ច្រើនណាស់​ដែល​សក់​អ្នក​មិន​អាច​ក្រាស់​បាន​ទៅតាម​តម្រូវការ​អ្នក​ដែរ​។ វា​អាច​ទាក់ទង​នឹង​រឿង​ហ្សែ​ន អាកាសធាតុ អាហារ​ដែល​អ្នក​ញ៉ាំ វីតាមីន​ដែល​អ្នកទទួលបាន ឬ​មិន​ទទួលបាន ដែល​ទាំងអស់​នេះ​សុទ្ធសឹងតែ​ប៉ះពាល់​ដល់​ភាព​ក្រាស់​របស់​សក់​ទាំងអស់​។ ខាងក្រោម​នេះ គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អាច​ជួយ​អោយ​សក់​អ្នក​ក្រាស់​តាម​បែប​ធម្មជាតិ​បាន ៖

ការពា​រសក់​

​សក់​អ្នក​អាច​ងាយ​នឹង​ខូច​ណាស់ ដោយសារ​តែ​កត្តា​ខាងក្រៅ​ជាច្រើន ដូច្នេះ ចូរ​ចងចាំ​ថា អ្នក​គួរតែ​ធ្វើ​ល្អ​ចំពោះ​សក់​របស់​អ្នក​គ្រប់​ពេល​ទៅ​។ បើសិន​ជា​អ្នក​ត្រូវ​ដើរ​ក្រោម​ពន្លឺព្រះអាទិត្យ​ក្នុង​រយៈពេល​យូរ ចូរ​ពាក់មួក​ដើម្បី​ការពា​រសក់​។ បើសិន​ហែល​ទឹក ចូរ​ពាក់​មួក​សម្រាប់​ហែល​ទឹក និង​ប្រាកដថា អ្នក​បាន​លាង​សម្អាតិ​សារធាតុ Chlorine ក្រោយ​ពី​ហែល​ទឹក​រួច​។ បើសិន​ជា​ទៅ​សូ​ណា ចូរ​ការពា​រសក់​ជាមួយនឹង​ការ​រុំ​សក់​ក្បាល​ជា​មួយ​កន្សែងពោះគោ​។ គ្រាន់តែ​ជា​ការថែរក្សា​សក់​តិចតួច​បែបនេះ វា​នឹង​ការពារ​កុំអោយ​សក់​ស្ងួត និង​ខូច​បាន ហើយក៏​អាច​ធ្វើអោយ​សក់​ទៅ​ជា​ក្រាស់​ទៀតផង​។

កាត់​បន្ថយកម្តៅ​

​ឧបករណ៍​ធ្វើ​ស្តាយ​សក់ ដែល​មាន​កម្តៅ​ក្តៅ​នឹង​ធ្វើអោយ​សក់​អ្នក​ខូចខាត​បាន​។ ដូច្នេះ ចូរ​កាត់បន្ថយ​ការប្រើប្រាស់​ឧបករណ៍​អ៊ុតសក់​ត្រង់ ផ្លុំ​សក់ និង​ការ​អ៊ុតសក់​អោយ​រួញ​តែម្តង ព្រោះ​គ្រប់​ពេល​ដែល​អ្នក​ប្រើ​ឧបករណ៍​អស់ទាំង​នេះ អ្នក​កំពុងតែ​ធ្វើអោយ​សក់​ខូច​ហើយ​។ បើសិន​ជា​អ្នក​មិន​អាច​រស់នៅ​ដោយ​គ្មាន​ឧបករណ៍​ទាំងនេះ​បាន​ទេ​នោះ ចូរ​កាត់បន្ថយ ឬ​ផ្លាស់ប្តូរ​សីតុណ្ហភាព និង​ប្រើ​ផលិតផល​ការពារ​កម្តៅ​លើ​សក់​អ្នក​សិន មុន​ពេល​កាច់​ស្តាយ​សក់​។

ចិញ្ចឹម​សក់​ពី​ខាងក្នុង​

​ដើម្បី​អោយ​សក់​កាន់តែ​ក្រាស់​ជាង​មុន ចូរ​ប្រាកដថា អ្នក​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​មាន​តុល្យភាព​។ រឿង​នេះ​មិន​ខុសគ្នា​នឹង​កន្លែង​ផ្សេងៗ​នៃ​រាងកាយ​ទេ ហើយ​សក់​ក៏​ត្រូវការ​ជីវជាតិ​ផងដែរ​។ ដើម្បី​សក់​ក្បាល​មាន​សុខភាព​ល្អ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​អោយបាន​ច្រើន​ដូចជា សាច់ និង​ត្រី អាហារ​សមុទ្រ ស៊ុត និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ហើយ​ដើម្បី​អោយមាន​ការផ្គត់ផ្គង់​ជាតិ​ដែក​កាន់តែ​ល្អ​ទៀត​នោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដូចជា ថ្លើម​សត្វ និង​បន្លែ​ពណ៌​បៃតង ដូចជា​ស្ពៃ​ស្ពីណា​ច និង​ផ្លែឈើ​។​

ផ្លាស់ប្តូរ​ទម្លាប់​កក់សក់​

​ការ​កក់សក់​ញឹកញាប់​ពេក អាច​ជា​ដើមហេតុ​ដែល​នាំអោយ​បាត់បង់​ជាតិ​ប្រេង​ពី​ធម្មជាតិ និង​ធ្វើអោយ​សក់​មើល​ទៅ​ទន់ខ្សោយ​។ ចូរ​ផ្លាស់ប្តូរ​ទម្លាប់​បែបនេះ និង​កក់សក់​ជា​រៀងរាល់​បី​ថ្ងៃ​ម្តងវិញ​។ រឿង​នេះ​ទំនងជា​ធ្វើអោយ​អ្នក​យល់ថា សក់​មាន​ជាតិ​ខ្លាញ់​ច្រើន​នៅ​ពេល​អ្នក​ចាប់ផ្តើម​ជា​លើកដំបូង ប៉ុន្តែ សក់​អ្នក​នឹង​ធ្វើ​ការផ្លាស់ប្តូរ​ទៅ​តាម​ទម្លាប់​ថ្មី​របស់​អ្នក​នៅ​ពេល​ក្រោយ​។ ជាមួយគ្នានេះដែរ ចូរ​សាកល្បង​កក់សក់​ម្តង​ទៅ ខណៈពេល​ដែល​អ្នក​ប្រើ​ស៊ុត​សម្រាប់​លាង​សម្អាត​សក់​។ ស៊ុត គឺជា​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន ហើយ​ក៏​ដើរ​តួនាទី​ជា​សាប៊ូកក់សក់​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដែរ​។ ការ​កក់សក់​ជាមួយ​ស៊ុត​មិន​ត្រឹមតែ​ផ្តល់​ជីវជាតិ​ដល់​សរសៃសក់​ទេ តែ​វា​ក៏​ជួយ​បន្ថយ​ចំនួន​សក់​បន្ថែមទៀត​ដល់​សក់​របស់​អ្នក​ដែរ នេះ​ដោយសារ​តែ​វត្តមាន​ដ៏​ច្រើន​របស់​ជាតិ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​។

ថ្នមដៃ​បន្តិច ទៅ​ពេល​សម្ងួ​តសក់​

​បើសិន​ជា​អ្នក​សម្ងួ​តសក់​ខ្លាំងៗ​ពេល​សើម នោះ​អ្នក​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការធ្វើ​អោយ​សក់​ខូច និង​ស្តើង​ជា​មិន​ខាន​ទេ​។ បើសិនជា​សក់​កំពុងតែ​ស្ងួត ចូរ​ប្រើ​ក្រាស់​សិតសក់​ដែលមាន​ធ្មេញ​រង្វើល ហើយ​សិត​ថ្នម​វិញ​ទើប​ជា​ការល្អ​។

ម៉ាស្សា​ស្បែកក្បាល​

​ការ​ម៉ាស្សា​ស្បែកក្បាល នឹង​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ឬ​ស​សក់ និង​ជម្រុញ​អោយ​សក់​លូតលាស់​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​។ វិធីសាស្ត្រ​ដ៏​ល្អ​មួយ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​មួយ​នេះ​គឺ​ការប្រើ​ប្រេង​ក្តៅ​។ អ្នក​អាច​ប្រើ​ប្រេងដូង​ដែល​ក្តៅៗ​ពីរ​បី​ស្លាបព្រា​បាយ មក​ធ្វើការ​ម៉ាស្សា​លើ​ស្បែកក្បាល និង​សរសៃសក់ ហើយ​ទុក​ចោល​កន្លះ​ម៉ោង​។ ប្រេង​នេះ​នឹង​ផ្តល់​ជីវជាតិ​ដល់​សរសៃសក់ និង​ពង្រឹង​ដល់​ការលូតលាស់​របស់​សក់​៕

14 views0 comments

Comentarios


bottom of page