ការពារខ្លួនឯង
នៅពេលយើងនិយាយអំពីស្ត្រីវ័យក្មេង និងជំងឺមហារីកសុដន់ គឺមានទាំងដំណឹងល្អ និងដំណឹងអាក្រក់។ ដំណឹងល្អគឺថា ឱកាសនៃការកើតជំងឺរបស់ពួកគេមានតិចជាងស្ត្រីវ័យកាន់តែច្រើន។ ដំណឹងអាក្រក់នោះគឺថា បើសិនជាមានការវាយប្រហារពីជំងឺមហារីកហើយ វាអាចនឹងកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។
រក្សាទម្ងន់អោយនៅមានសុខភាពល្អ
ការដែលធាត់ពេកអាចធ្វើអោយអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺ ព្រមទាំងកាត់បន្ថយឱកាសនៃការមានអាយុច្រើនទៀតផង នេះបើយោងទៅតាមសម្តីរបស់វេជ្ជបណ្ឌិត ហារ៉ូដ ហ្វ្រីម៉ែន (Harold Freeman) ប្រធាន និងអ្នកផ្តល់ជំនួយនៃមជ្ឈមណ្ឌល Ralph Lauren Center សម្រាប់កម្មវិធី ជំងឺមហារីក និងការបង្ការក្នុងទីក្រុងញ៉ូយក។
ធ្វើអោយបែកញើស
ចូរកំណត់គោលដៅហាត់ប្រាណពី ៤៥ នាទីទៅមួយម៉ោង រយៈពេលប្រាំថ្ងៃក្នុងមួយសប្តាហ៍។ ការដែលហាត់ប្រាណសម្រករាងជាទៀងទាត់ ប្រហែលជាជួយបង្ការជំងឺបាន តាមរយៈការពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ បំបាត់ភាពធាត់ជ្រុល និងបន្ថយកម្រិតអ័រម៉ូនអឺស្ត្រូសែន និងអាំងស៊ុយលីន។
កាត់បន្ថយគ្រឿងស្រវឹង
តាមការស្រាវជ្រាវបានអោយដឹងថា ការទទួលទានគ្រឿងស្រវឹងពីរដងក្នុមួយថ្ងៃ អាចបង្កើនការប្រឈមនឹងជំងឺមហារីកសុដន់រហូតដល់ ២១ ភាគរយ។ តាមពិត ចូរព្យាយាមប្តូរការទទួលទានស្រាមកញ៉ាំទំពាំងបាយជូរស្រស់វិញ។ សារធាតុ Resveratrol ដែលមាននៅក្នុងសម្បកទំពាំងបាយជូរ ប្រហែលជាជួយកាត់បន្ថយកម្រិតអ័រម៉ូនអឺស្ត្រូសែន ដែលនាំអោយបន្ថយការប្រឈមមុខដែរ។
ញ៉ាំបន្លែ
របបអាហារដែលមានជាតិខ្លាញ់ទាប អាចកាត់បន្ថយការប្រឈមមុខ ប៉ុន្តែ ដើម្បីទទួលបាននូវការការពារកាន់តែច្រើន ចូរបន្ថែមបន្លែមួយចំនួនទៀតទៅដូចជា ផ្កាខាត់ណា និងប្រូកូលី ជាដើម។ អាហារបែបនេះផ្ទុកទៅដោយសារធាតុ Sulforaphane ដែលត្រូវបានគេជឿជាក់ថា ជួយការពារកុំអោយកោសិការជំងឺមហារីកបំបែកខ្លួនបាន។ ដើម្បីទទួលបានឥទ្ធិពលបន្ថែមនោះ ចូរទទួលទានវាទាំងឆៅ។
យល់ដឹងអំពីប្រវត្តិគ្រួសាររបស់អ្នក
ប្រហែលជា ១៥ ភាគរយនៃករណីជំងឺមហារីកសុដន់ គឺពួកគេមានគ្រួសារធ្លាប់កើតជំងឺនេះ។ បើសិនជាអ្នកមានសាច់ញាតិដំបូងគេម្នាក់ ដែលធ្លាប់កើតជំងឺមហារីក សុដន់ ជីវិតរបស់អ្នកនឹងប្រឈមនឹងជំងឺនេះដែររហូតដល់ទ្វេដង ហើយបើសិនជាអ្នកមានមានសាច់ញាតិកើតជំងឺនេះរហូតដល់ពីរនាក់ នោះការប្រឈមមុខនឹងកើតឡើងរហូតដល់ ៥ ដងឯណោះ៕
Comments