តើអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីធ្វើអោយខ្លួនឯងមានក្លិន ខ្លួនក្រអូបគ្រប់ពេលមែនដែរឬទេ? បើសិនជាអញ្ចឹងមែន អ្នកពិតជាមនុស្សសំណាងហើយ ព្រោះអត្ថបទរបស់យើងនឹងជួយអោយអ្នកដឹងអំពីគន្លឹះរបស់វា។
មុនពេលយើងនិយាយចូលទៅក្នុងវិធីសាស្ត្រទាំងអស់នេះ យើងត្រូវរកអោយឃើញពីមូលហេតុ ដែលធ្វើអោយអ្នកមានក្លិនខ្លួនអាក្រក់ ជាមុនសិន។ ដូច្នេះ ហេតុអ្វីបានជាពេលខ្លះ យើងមានក្លិនខ្លួនមិនល្អ? មូលហេតុដ៏សំខាន់បំផុតនោះគឺ ដោយសារតែការបែកញើស។ មនុស្សគ្រប់គ្នាបែកញើស ហើយពួកគេសុទ្ធតែទំនងជានឹងមានបញ្ហាក្លិនខ្លួនមិនល្អគ្រប់ពេលតែ ម្តង។
ហេតុអ្វីបានជាញើសធ្វើអោយអ្នកមានក្លិនខ្លួនមិនល្អ? ញើសខ្លួនឯងមិនអាចធ្វើអោយរាងកាយមានក្លិនមិនល្អនោះទេ ប៉ុន្តែ នៅពេលដែលវាច្របល់ចូលគ្នានឹងបាក់តេរីនៅលើស្បែក ទើបបានបង្កើតទៅជាក្លិនអាក្រក់។ នេះហើយ គឺជាមូលហេតុលេខមួយនៃបញ្ហាក្លិនខ្លួនរបស់មនុស្សយើង។
ដូច្នេះ បើសិនជាអ្នកគ្មានញើសទេ នោះក៏គ្មានអ្វីច្របល់ចូលគ្នាជាមួយបាក់តេរីលើស្បែក ដើម្បីបង្កើតជាក្លិនខ្លួនដែរ។ រឿងនេះស្តាប់មើលទៅដូចជាល្អណាស់ ប៉ុន្តែ យើងមិនអាចបញ្ឈប់រាងកាយកុំអោយបែកញើសបានឡើយ។ ញើស គឺជាតម្រូវការរបស់រាងកាយ ដើម្បីធ្វើអោយខ្លួនយើងត្រជាក់។ ដូច្នេះ បើសិនជាយើងមិនអាចយកឈ្នះការបែកញើសបានទេ តើមានអ្វីទៀតទៅដែលយើងអាចធ្វើបាន ដើម្បីបង្ការកុំអោយមានក្លិនខ្លួន និងមានក្លិនល្អឡើងវិញគ្រប់ពេលទៅ ក្រោយពីបែកញើសឡើងជោគខ្លួនហើយនោះ?
ខណៈពេលដែលយើងមិនអាចបង្ការការបែកញើសបាន មានរឿងមួយចំនួន ដែលយើងអាចធ្វើអោយរាងកាយមានក្លិនល្អបានគ្រប់ពេលដូចជា ៖ • ងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាដឹងអំពីសារៈសំខាន់នៃការងូតទឹក ព្រោះវាធ្វើអោយយើងមានក្លិនខ្លួនល្អបាន។ តាមរយៈការងូតទឹកនេះ យើងចង់សំដៅទៅលើការលាងសម្អាតរាងកាយបានយ៉ាងល្អ ជាពិសេស កន្លែងដែលអាថ៌កំបាំងទាំងអស់របស់រាងកាយ។ • ចូរប្រាកដថា នៅពេលងូតទឹក អ្នកបានលាងសម្អាតក្លៀក ក ក្រោយស្លឹកត្រចៀក និងភ្លៅខាងក្នុង ព្រោះកន្លែងទាំងអស់នេះ គឺជាកន្លែងដែលបាក់តេរីបង្កក្លិនចូលចិត្តរស់នៅ និងលាក់ខ្លួនណាស់។ • សម្រាប់មនុស្សស្រីវិញ វាគឺជារឿងសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ ជាពិសេស ចំពោះតំបន់ទ្វារមាស ព្រមទាំងផ្នែកខាងក្រោមសុដន់។ ចូរប្រាកដថា អ្នកបានលាងសម្អាតកន្លែងទាំងនេះបានយ៉ាងល្អហើយ ដើម្បីចៀសវាងការបង្កើតក្លិនមិនល្អក្រោយពីបែកញើស។ ការដែលធ្វើអោយកន្លែងទាំងអស់នេះស្អាតល្អ នឹងជួយធ្វើអោយអ្នកមានភាពស្រស់ស្រាយបាន ទោះបីជាកំពុងតែបែកញើសក៏ដោយ។ • មិនត្រូវភ្លេចសម្អាតរុន្ធគូថឡើយពេលងូតទឹក។ កន្លែងមួយនេះ គឺជាហេតុផលមួយផ្សេងទៀតដែលមនុស្សមួយចំនួនមានក្លិនខ្លួនមិនល្អ។ កន្លែងនេះត្រូវការលាងសម្អាតជានិច្ច ព្រោះលាមក និងបាក់តេរីនៅជាមួយគ្នាច្រើនតែម្តង។ • ប្រអប់ជើងត្រូវតែលាងសម្អាតអោយបានស្អាត បើសិនជាអ្នកចង់អោយមានក្លិនស្រស់ស្រាយ។ នៅពេលងូតទឹក អ្នកគួរតែចំណាយពេលខ្លះ ដើម្បីលាងសម្អាតប្រអប់ជើង និងចន្លោះម្រាមជើងផង៕
Commentaires