top of page
Writer's pictureMony Thay

ថែរក្សា​សម្ផស្ស ជាមួយ​សណ្តែកសៀង


សណ្តែកសៀង គឺជា​អ្វី​ដែល​យើង​គិតថា​ជា​អាហារ មិនមែន​សម្រាប់​យកមក​លាប​លើ​មុខ​ទេ​។ សណ្តែកសៀង ពិតជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ច្រើន ព្រមទាំង​ជួយ​អោយ​អ្នក​កាន់តែ​ស្រស់​ស្អាត​ថែមទៀត​ផង​។ សារធាតុ Isoflavones ក្នុង​សណ្តែកសៀង​ច្រើន​តែ​មាន​សមត្ថភាព​ជួយ​អោយ​ស្បែក​មើល​ទៅ​ក្មេង​ជាង​មុន និង​វីតាមីន E ក្នុង​ប្រេង​សណ្តែកសៀង​ក៏​អាច​ជួយ​អោយ​ស្បែក​ដែល​ខូចខាត​លូតលាស់​វិញ​បានដែរ ​។ ផលិតផល​ធ្វើ​ពី​សណ្តែកសៀង ប្រហែលជា​អាច​ជួយ​អោយ​ស្ត្រី​ប្រើប្រាស់​របស់​ធម្មជាតិ ដើម្បី​បង្កើន​សម្រស់​កាន់តែ​ស្រស់ស្អាត​។

ផ្តល់​សំណើម​ដល់​ស្បែក

​ផលិតផល​លាង​សម្អាត​ស្បែក និង​ឡេទាំង​អស់​ដែល​មាន​ជាតិ​សណ្តែក​សៀង មាន​មុខងារ​ផ្តល់​ជា​សំណើម​។ សណ្តែកសៀង ផ្ទុក​ទៅដោយ​វីតាមីន E ដែល​មាន​ប្រយោជន៍​នៅពេល​លាប​លើ​ស្បែក សម្រាប់​បង្កើត​ជា​សំណើម​។ សារធាតុ Phytoestrogens ក្នុង​សណ្តែកសៀង ប្រហែល​ជា​ជួយ​អោយ​រាងកាយ​ផលិត​អ័រម៉ូន Estrogen កាន់​ច្រើន ដើម្បី​បន្ថយ​ភាព​ជ្រីវជ្រួញ​។

​ក្រចក​កាន់តែ​រឹងមាំ​

​ការ​ទទួលទាន​សណ្តែក​សៀង ប្រហែល​ជា​ជួយ​ធ្វើអោយ​ក្រចក​អ្នក​កាន់តែ​រឹងមាំ និង​មិន​សូវ​ពុកផុយ​។ ការ​ទទួលទាន​សណ្តែក​សៀង​ក្នុង​ទម្រង់​ជា​តៅហ៊ូ ឬ​ទឹកដោះគោ​សណ្តែកសៀង សុទ្ធ​តែ​អាច​ពង្រឹង​ដល់​សុខភាព​ក្រចក និង​ធ្វើអោយ​ក្រចក​មិន​ងាយ​បាក់​។

​បណ្តុះ​សក់​

​សណ្តែកសៀង ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​អា​ការៈជ្រុះ​សក់​បាន ជាពិសេស ចំពោះ​មនុស្ស​ប្រុស​តែម្តង​។ បើ​យោង​ទៅ​តាម​ការសិក្សា​កាល​ពី​ឆ្នាំ ២០០៤ ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត ត្រី​ត ឌី ឡុន (Trent D. Lund) នៅឯ​សាកលវិទ្យាល័យ Colorado បានអោយដឹងថា សណ្តែកសៀង គឺជា​សារធាតុ Anti-androgen មានន័យ​ថា វា​អាច​បន្សាប​ឥទ្ធិពល​របស់​អ័រម៉ូន​បុរស​ដែល​មាន​ច្រើន​លើ​ល​លុប​បាន​។ អ័រម៉ូន​បុរស​ដែល​ច្រើន​លើសលុប​អាច​នាំអោយ​ជ្រុះ​សក់ និង​មាន​ការលូតលាស់​ខុស​ធម្មតា​បាន​។ សណ្តែកសៀង ក៏​អាច​ជួយ​អោយ​សក់​ភ្លឺរលោង និង​អាច​ប្រើប្រាស់​ជា​សាប៊ូកក់សក់ និង​បន្ទន់​សក់​បាន​ដែរ​។

​បង្ការ​ភាព​ជ្រីវជ្រួញ​

​សណ្តែកសៀង មាន​ប្រយោជន៍​ក្នុង​ការបង្ការ​ភាព​ជ្រីវជ្រួញ​ដែរ នេះ​បើ​យោង​ទៅតាម​នាយកដ្ឋាន​កសិកម្ម​សហរដ្ឋអាមេរិ​ក​។ អ្នកជំនាញ​ខាង​គីមី បាន​រកឃើញ​សារធាតុ Bio-lipid ក្នុង​សណ្តែកសៀង ឬ Ferulic Soy Glycerides ដែល​អាច​ការពារ​ភាព​ជ្រីវជ្រួញ​បាន ព្រមទាំង​អាច​ប្រើប្រាស់​ជា​គ្រឿងផ្សំ​នៅក្នុង​ផលិតផល​ប្រឆាំងនឹង​ការ​ចាស់​ ទៅតាម​អាយុ សាប៊ូ និង​ផលិតផល​លាង​សម្អាត​នៅពេល​អនាគត​បាន​៕

0 views0 comments

Comments


bottom of page